មនុស្សមិនតិចនាក់ទេ ដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជំនួសឱ្យខ្យល់កង្ហាអគ្គិសនីធម្មតា មិនថាតែនៅគេហដ្ឋាន ការិយាល័យធ្វើការ និងផ្សារទំនើបធំៗនោះទេ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ភាពត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់មិនសូវជាល្អសម្រាប់សុខភាពអ្នកឡើយ។
ដូច្នេះមកតាមដានទាំងអស់គ្នា ពីផលប៉ះពាល់នៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក ៖
១. បញ្ហាផ្លូវដង្ហើម
មិនថាតែម៉ាស៊ីនត្រជាក់នៅផ្ទះ ការិយាល័យ ផ្សារទំនើបនោះទ ជាពិសេសគឺម៉ាស៊ីនត្រជាក់នៅក្នុងឡានតែម្តង ត្រូវបានគេរកឃើញថា មានមេរោគយ៉ាងតិចក៏ ៨ប្រភេទដែរ ដែលអាចធ្វើឱ្យអ្នកកើតជំងឺ គ្រុនក្តៅ ផ្តាសាយ និងរលាកសួតជាដើម។ ដូច្នេះគួរតែកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្លះ ហើយសម្រាប់ក្នុងឡានវិញប្រសិនជាមិនអាចអត់បាន គួរតែឧស្សាហ៍លាងសម្អាតឡាន និងម៉ាស៊ីនត្រជាក់ផង។
នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេកទៅ រាងកាយរបស់អ្នកឆាប់ស៊ាំនឹងបរិយាកាសត្រជាក់ណាស់។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្តៅអាចទ្រាំបានយ៉ាងណាក៏ដោយ ជាពិសេសរដូវក្តៅខ្លាំងតែម្តង។
ឥទ្ធិពលចំហាយត្រជាក់នៃម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកឆាប់ទទួលរងនូវផលប៉ះពាល់នៃជំងឺហឺត ជាពិសេសប្រសិនជាអ្នកកំពុងតែមានបញ្ហាជំងឺហឺត និងជំងឺផ្លូវដង្ហើមនោះ ស្ថានភាពជំងឺរបស់អ្នកប្រាកដជាអាក្រក់ឡើងៗជាមិនខាន ប្រសិនជាអ្នកមិនឧស្សាហ៍ដុះលាងសម្អាតម៉ាស៊ីនត្រជាក់ឱ្យបានញឹកញាប់នោះទេ។
ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឱ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់។ នោះបានន័យថាមេរោគទាំងឡាយនឹងមិនទៅណានោះទេ ហើយប្រសិនជាមាននរណាម្នាក់មានជំងឺ វានឹងឆាប់ឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតលឿនណាស់ ជាពិសេសគឺ ជំងឺក្អក និងផ្តាសាយតែម្តង។
ប្រសិនជាអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អ្នកក៏អាចងាយឆ្លង និងកើតជំងឺផ្លូវដង្ហើមណាស់។ ម្យ៉ាងវិញទៀត ថែមទាំងធ្វើឱ្យមានការប៉ះពាល់ដល់កែវភ្នែក(ស្ងួតភ្នែក) បញ្ហាច្រមុះ និងបំពង់កផងដែរ។ ហើយប្រសិនជាអ្នកមានជំងឺក្អក និងផ្តាសាយនោះ ជំងឺអ្នកក៏មិនងាយជាដូចមនុស្សធម្មតានោះដែរ។
អ្នកដែលស្ថិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក ភាគច្រើនតែងតែមានអាការឈឺក្បាលសឹងតែគ្រប់គ្នាតែម្តង នោះក៏ដោយសារតែម៉ាស៊ីនត្រជាក់ធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក ហើយកង្វះជាតិទឹកនេះហើយ ដែលធ្វើឱ្យអ្នកឈឺក្បាល ហើយអាចឈានទៅរកការឈឺក្បាលប្រកាំងផងដែរ។
ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ ក៏អាចធ្វើឱ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះ អាចនឹងមានបញ្ហារបកស្បែកផងដែរ។
ដោយសារតែរាងកាយរបស់អ្នកទទួលរងនូវភាពត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់នោះហើយ ដែលធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន និងស្បែកនោះ។ ដើម្បីឱ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនតាមដែលអ្នកធ្វើបាន។
ខ្យល់ និងចំហាយត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកមានបញ្ហាស្ពឹកស្រពន់ និងខ្ជិលច្រអូសបាន។ ដូច្នេះហើយបានជាអ្នកជំនាញ បានធ្វើការណែនាំឱ្យអ្នកដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ គួរតែចំណាយពេលខ្លះ យ៉ាងហោច ៣ ទៅ៤ម៉ោង ក្នុងមួយថ្ងៃនៅបរិយាកាសធម្មតានៅខាងក្រៅដើម្បីសម្រួលរាងកាយ។
ចំណាំ៖ បន្ទាប់ពីអានរួច អ្នកប្រាកដជាដឹងហើយថា ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបែបណានោះ។ ប៉ុន្តែ មិនមានបម្រាមណាមួយ ហាមមិនឱ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់នោះទេ តែដើម្បីសុខភាពអ្នកអ្នកអាចអនុវត្តតាមការណែនាំខ្លះដូចជា៖
- កាត់បន្ថយការប្រើប្រាស់ខ្លះឆ្លាស់គ្នានឹងការប្រើកង្ហាធម្មតា និងខ្យល់អាកាសធម្មជាតិនៅខាងក្រៅ
- ត្រូវឧស្សាហ៍ដុសលាងសម្អាតម៉ាស៊ីនត្រជាក់
- អ្វីដែលសំខាន់បំផុតត្រូវទទួលទានទឹកឱ្យបានច្រើន
- មិនគួរនៅឡូកឡំជាមួយអ្នកដែលមានជំងឺក្អក និងផ្តាសាយ
- ប្រសិនជាមានបញ្ហាផ្លូវដង្ហើម ក្អក និងផ្តាសាយមិនត្រូវនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ព្រោះជំងឺរបស់អ្នកនឹងមិនងាយជា ហើយថែមទាំងអាចឆ្លងទៅអ្នកផ្សេងបានផងដែរ៕