នៅពេលអ្នកប្រទះឃើញឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមដងវិថី តើអ្នកគួរអនុវត្តតាមវិធីសាស្រ្តបែបណា ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ?
ជារៀងរាល់ថ្ងៃមានជនរងគ្រោះចំនួន៥ ទៅ៦នាក់ ត្រូវបានបាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។ ដូចនេះប្រជាពលរដ្ឋទូទៅ គួរគប្បីយល់ដឹងពីវិធីសង្គ្រោះបឋមក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីកាត់បន្ថយកត្តាប្រឈមដល់អាយុជីវិតរបស់ជនរងគ្រោះ។ ខ្ញុំនឹងបង្ហាញពីរបៀបសង្គ្រោះបឋម ដូចខាងក្រោមនេះ ៖
- ទូរសព្ទទៅរថយន្តសង្គ្រោះបន្ទាន់លេខ១១៩ ដោយមិនគិតថ្លៃ
- ជនរងគ្រោះមិនគួរត្រូវបានចោមរោមនោះទេ ព្រោះត្រួវការខ្យល់ដង្ហើមគ្រប់គ្រាន់ពីបរិយាកាសជុំវិញខ្លួន
- រៀបចំទីកើតហេតុឲ្យមានសុវត្ថិភាព ទាំងជនរងគ្រោះ (មិនគួរបង្វិល ឬផ្លាស់ទីជនរងគ្រោះ ប្រសិនបើមានការប៉ះទង្គិចត្រង់ក្បាល ក និងឆ្អឹងខ្នង ព្រោះអាចប៉ះទង្គិចបន្ថែមដល់ប្រព័ន្ធប្រសាទ) និងអ្នកសង្គ្រោះ
- គោះស្មារជនរងគ្រោះ និងសាកសួរពីទីតាំងរបួស ឬទីតាំងឈឺចាប់ផ្សេងៗ
- ស្វែងរកទីតាំងមានរបួសហូរឈាម ដើម្បីកាត់បន្ថយការហូរឈាម ដោយប្រើកំណាត់ក្រាស់មកសង្កត់
- ប្រើថងច្រកខ្សាច់ទប់ ក ឬប្រើបន្ទះក្តារ បន្ទះរឹងអបដៃឬជើង បើមិនអាចធ្វើចលនាបាន
- ករណីជនរងគ្រោះមិនអាចនិយាយ ឬបាត់បង់ស្មារតីវិញ យើងត្រូវអនុវត្តដូចខាងក្រោមនេះ ៖
- ផ្លូវដង្ហើម ៖ បង្ហៀរទឹកមាត់ចេញ យករបស់រឹងដូចជាឆ្មេញជាដើមចេញ
ភ្ងើយក្បាល លើកចង្កាឡើង ដើម្បីសម្រួលផ្លូវដង្ហើម

- ចង្វាក់ដង្ហើម ៖ ពិនិត្យមើលចលនាដង្ហើមរវាងទ្រូង និងពោះ កត់ត្រាចង្វាក់ដង្ហើមថាញាប់ជាង២៥ដង ក្នុង១នាទីទេ
- របត់ឈាម ៖ ចាប់ជីពចរគន្លាក់ដៃ ឬកញ្ជឹង ក កត់ត្រាទុកថាលើសពី១០០ចង្វាក់ទេ
- ការសង្គ្រោះចង្វាក់ដង្ហើម និងបេះដូង ៖ សង្កត់ទ្រូងនៅទីតាំងបេះដូង (ក្នុងល្បឿន១០០សង្កត់ ក្នុង១នាទី) សង្កត់៣០ដង ផ្លុំខ្យល់ដង្ហើម២ដង

- ស្មារតី ៖ សាកសួរជនរងគ្រោះម្តងទៀត បន្ទាប់ពីអនុវត្តវិធីទាំងនេះ ដើម្បើវាយតម្លៃសារជាថ្មី



សូមចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ និងការបាត់បង់អាយុជិវិត ទាំងអស់គ្នា៕
អត្ថបទដោយ៖ វេជ្ជបណ្ឌិត ស៊ិន គីមហេង
កែសម្រួលដោយ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា
ឯកសារយោង ៖ Tintinalli’s Emergency Medicine Manual, 7th edition, International edition 2012