រាជធានីភ្នំពេញ៖ កូនក្រៅស្បូន គឺជាជំងឺមួយប្រភេទដែលតែងជួបប្រទះញឹកញាប់ជាងគេចំពោះស្ត្រីនៅលើសកលលោក ក៏ដូចជាស្ត្រីនៅប្រទេសកម្ពុជាយើងដែរ។ ភាគច្រើននៃជំងឺកូនក្រៅស្បូននេះគឺ កើតឡើងនៅក្នុងដៃស្បូន (trompe de Fallope et tubaires)។ ហើយបើពួកគាត់មិនមកមន្ទីរពេទ្យ ទទួលការព្យាបាលទាន់ពេលវេលានោះទេ ជំងឺនេះបង្កឲ្យមានការឈឺចាប់ខ្លាំង ម្យ៉ាងវិញទៀតអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
ជំងឺនេះកើតឡើងចំពោះស្ត្រីដែលមានផ្ទៃពោះនៅក្នុងត្រីមាសដំបូង ដែលគភ៌បង្កកំណើតនៅក្រៅស្បូន ។
(Ectopic pregnancy)
-ជំងឺកូនក្រៅស្បូនគឺជាការមានគភ៌ដែលស្តិតនៅខាងក្រៅនៃប្រហោងស្បូន (តួស្បូន)។ ជំងឺនេះមានប្រមាណ២ភាគរយនៃការមានគភ៌។
- ជំងឺកូនក្រៅស្បូនគឺជាជំងឺបន្ទាន់ផ្នែករោគស្រ្តីដោយសារមានការហូរឈាមក្នុងពោះដែលអាចប្រឈមនឹងការបាត់បង់ជីវិតនិងបញ្ហាអត់កូនទៅថ្ងៃមុខ។
- កត្តាដែលធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺនេះមានដូចជាធ្លាប់មានជំងឺឆ្លងតាមផ្លូវភេទ (STD)ជំងឺរលាកដៃស្បូន(ធ្លាក់សរ៉ាំរ៉ៃ)ប្រវត្តិធ្លាប់យកកូនចេញធ្លាប់មានកូនក្រៅស្បូនធ្លាប់មានការវះកាត់នៅនឹងអាងត្រគាកនិងស្រ្តីមានអាយុលើសពី៣៥ឆ្នាំ។
- រោគសញ្ញាសំខាន់មានដូចជាការបាត់រដូវការឈឺពោះ ឬអាងត្រគាក និងការធ្លាក់ឈាមតាមទ្វារមាសហើយជួនកាលមានសញ្ញាធ្ងន់ធ្ងរ(shock)ប្រសិនបើកូនក្រៅស្បូនបែក។
- ដើម្បីធ្វើរោគវិនិឆ្ឆ័យឲ្យដឹងថាមានកូនក្រៅស្បូនស្រ្តីគួរតែធ្វើការតេស្តទឹកនោមនៃការមានផ្ទៃពោះ(នៅពេលបាត់ររដូវ)និងទៅពិនិត្យអេកូ(ultrasound)នៅពេលដឹងថាខ្លួនមានផ្ទៃពោះ។
- ការព្យាបាលមាន២គឺព្យាបាលដោយថ្នាំ(ករណីកូនមិនទន់បែក)និងការព្យាបាលដោយវះកាត់ (ការវះបើកពោះ និងការវះចោះពោះ)៕
អត្ថបទ៖ វេជ្ជ. ថៃ ពុទ្ធី
ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា
រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក | សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា