យោងតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ស្ថានភាពកម្រិតកម្ពស់ទឹកស្ទឺង មង្គលបូរី និងសិរីសោភ័ណ បន្តកើនឡើងកៀកទៅនិងកម្រិតប្រកាសអាសន្ន ហើយទឹកហូរធ្លាក់តាមអូរព្រំដែនប្រទេសថៃ នៅបន្តកើនឡើង បណ្តាលឲ្យលិចលង់តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឺង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ មានផលប៉ះពាល់ចំនួន ០៩ ក្រុង/ស្រុក និង៤៦ ឃុំ/សង្កាត់ ដែលបានបណ្តាលឲ្យលង់ទឹកស្លាប់ចំនួន ១០នាក់(កុមារ ០២នាក់) ប៉ះពាល់លើលំនៅដ្ឋានសរុបចំនួន ១០.៥៨៦ខ្នង (មនុស្សចំនួន ៣៩.២០០នាក់ ក្នុងនេះមានស្រីចំនួន ២០.១១៤នាក់) និងមានទីទួលសុវត្ថិភាពចំនួន ១៥ កន្លែង ហើយប្រជាជនដែលបានស្នាក់នៅលើទីទួលសុវត្ថិភាពមានចំនួន ១.៨២២ គ្រួសារ (មនុស្សចំនួន ៦.៧២៦នាក់ ក្នុងនេះមានស្រី ៣.៥០០នាក់) និងមណ្ឌលសុខភាពចំនួន ១៥ និងប៉ុស្តិសុខភាព ០១កន្លែង ដែលរងផលប៉ះពាល់ដោយទឹកជំនន់(មណ្ឌលសុខភាពចំនួន ០២កន្លែង និងប៉ុស្តិសុខភាព ០១ កន្លែង ត្រូវបានផ្អាកការផ្តល់សេវាជាបណ្តោះអាសន្ន)។
១. ការអន្តរាគមន៍ផ្នែកសុខាភិបាល៖
- រៀបចំក្រុមគ្រូពេទ្យសម្រាប់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាពទាំង ១៥កន្លែង ដោយក្នុងមួយទីទួលសុវត្ថិភាពមានបុគ្គលិកប្រចាំការចំនួន ០៣នាក់។
- បានផ្តល់ជូនឱសថចាំបាច់បន្ថែម សម្រាប់ជួយសង្រ្គោះក្នុងពេលគ្រោះមហន្តរាយទឹកជំនន់ ជូនដល់ស្រុកប្រតិបត្តិចំនួន ០៣កន្លែង និងមណ្ឌលសុខភាពចំនួន ១៥ កន្លែង និងប៉ុស្តិសុខភាព ០១កន្លែង ដែលជួបបញ្ហាគ្រោះទឹកជំនន់។
- បានផ្តល់ការពិគ្រោះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ៨៨៣នាក់ (ស្រីចំនួន ៣៩៨នាក់) ហើយបញ្ហាសុខភាពជួបប្រទះមាន ជំងឺរាគរូស ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺរមាស់ជាដើម។
- បញ្ជូនស្ត្រីឈឺពោះសម្រាលកូនតាមកាណូតមកសម្រាលកូននៅមន្ទីរពេទ្យខេត្តចំនួន ០១ករណី។
- ផ្តល់ការអប់រំសុខភាព អំពីការថែរក្សាអនាម័យ សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺឆ្លងបានចំនួន ១.២៨៥នាក់(ស្រី ៩០៣នាក់)។
- ផ្តល់ឃីតឱសថ(ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំផ្សះ ) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៨២០កញ្ចប់។
- បញ្ជូនករណីពស់ចឹក ចំនួន ០៦ នាក់(ស្រី ០២នាក់) មកព្យាបាលនៅមន្ទីរពេទ្យខេត្តមង្គលបូរី។
- បានចែកមុងជ្រលក់ថ្នាំចំនួន ៥២០ មុង ចែកសាប៊ូដុំដុសខ្លួនចំនួន ១.៦៤០ ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ២៥០ ដប ជូនដល់គ្រួសារដែលរងគ្រោះ។
- ចែកមីកញ្ចប់ចំនួន ១២កេះ ដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។
២. ទិសដៅអនុវត្តបន្ត៖
- រៀបចំក្រុមឆ្លើយតបបន្ទាន់ថ្នាក់មន្ទីរសុខាភិបាលខេត្ត សហការជាមួយស្រុកប្រតិបត្តិ ដើម្បីចុះផ្តល់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ជាបន្តទៀត។
- បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ ក្នុងការផ្តល់សេវាថែទាំសុខភាព នៅទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។
- ពង្រឹង តាមដាន និងអនុវត្តការងារផ្តល់សេវានៅ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព ជាប្រចាំ។
- ត្រៀមក្រុមឆ្លើយតបបន្ទាន់ សម្រាប់ចុះជួយអន្តរាគមន៍ក្នុងករណីចាំបាច់ និងបន្ទាន់។
- ត្រៀមមុងជ្រលក់ថ្នាំបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅតាមទីទួលសុវត្ថិភាព។
- ត្រៀមសម្រាប់ការជួយសង្គ្រោះបន្ទាន់ និងការព្យាបាលសម្រាប់ករណីពស់ចឹក និងបញ្ហាសុខភាព ចម្បងៗ ដែលអាចកើតឡើងជាយថាហេតុ។
- រៀបចំផែនការ លើការឆ្លើយតបសម្រាប់គ្រោះមហន្តរាយដោយទឹកជំនន់ជាបន្តទៀត។
សូមថ្លែងអំណរគុណជាអនេក នូវរាល់ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ សូមឲ្យពួកគាត់បានរួចចាកផុតពីគ្រោះមហន្តរាយទឹកជំនន់នេះ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ។
ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០