ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង

ទឹកចិត្តប្រពន្ធម្នាក់ និងម្តាយលើកដំបូង :

- ពេលដឹងថាកូនបានចាប់កំណើតក្នុងផ្ទៃម្តាយជាលើកដំបូង ម្តាយភ័យផង អរផង សើចទាំងទឹកភ្នែក។ ខ្លាចមិនប្រាកដ ក្រែងមិនច្បាស់ ម៉ែពិនិត្យម្តងហើយម្តងទៀតឱ្យច្បាស់ក្នុងចិត្ត ។

- លុះបានច្បាស់ហើយ ម៉ែថ្នមខ្លួន លះបង់ការងារ លុយកាក់ ដើម្បីរក្សាជីវិតកូនឱ្យគង់ ។

- ផ្លាស់ប្តូរទម្លាប់ កាលពី២០ឆ្នាំមុនចោលភ្លាមៗ ដោយចាប់យកការផ្លាស់ប្តូរដើម្បីកូន ។

- កូនអាយុក្រោម ១២ សប្តាហ៍ ដំណាក់កាលទី១ ពេទ្យប្រាប់ថា កូនអាចនៅ ឬបាត់បង់បាន ដូច្នេះកុំទាន់មានសង្ឃឹមពេក ម៉ែភ័យណាស់ បួងសួងឱ្យកូននៅជាមួយម៉ែ ។

Abdomen Anticipation Baby 1556669 (1)

-លុះកូនឆ្លងផុត១២សប្តាហ៍ ម៉ែអរឥតឧបមា ដំណាក់កាលទី២ពេទ្យប្រាប់ទៀតថា រង់ចាំថតមើល ពីលក្ខណៈសម្បត្តិ អវៈយវៈ និងខួរក្បាលបស់កូនសិនថា ល្អ ឬអត់រ ទើបកូនអាចនៅជាមួយម៉ែបាន ម៉ែចាប់ផ្តើមភ័យហើយភ័យទៀត ហេតុអ្វីពិបាកម្ល៉េះទើបនៅជាមួយគ្នា។

- លទ្ធផលដែលម៉ែបានរង់ចាំមកដល់ ទីបំផុតកូនជារបស់ម៉ែ ម៉ែអរណាស់លោកអើយ ។

- ម៉ែស្គាល់ហើយរសជាតិគេថា (ចាញ់កូន) ពិបាកសែនពិបាក ប៉ុន្តែមិនយូរប៉ុន្មាន ម៉ែបានឆ្លងផុត ដំណាក់កាលនេះ រង់ចាំដំណាក់កាលបន្តបន្ទាប់ទៀត ដោយក្តីសង្ឃឹម មិនរារថយ ។

Pregnant 2640994_960_720

- ខែទី៤ ពោះម៉ែចាប់ផ្តើមធំ ម៉ែអរដោយឃើញពីការវិវត្តន៍របស់កូន អមជាមួយនឹងការរមាស់ ពេញទាំងពោះ អេសឡើងចេញឈាម ។

- ខែទី៥ ម៉ែចាប់ផ្តើមឈឺពេញទាំងខ្លួន ចុករោយចង្កេះ ពិបាកគេង រមូលក្រពើម្តងៗ រូូបរាងប្រែប្រួល មិនស្អាតដូចពីមុន ប៉ុន្តែម៉ែនៅតែមិនរាថយបន្តិចណាឡើយ ។

-ខែទី៦ គឺជាពេលវេលាមួយដ៏លំបាកបំផុតរបស់ម៉ែ ដែលអ្នកដទៃមិនធ្លាប់ជួប គឺម៉ែនៅតែពីនាក់កូនគត់ ដែលកំពុងតែនៅក្នុងផ្ទៃ ឆ្ងាយពីប្តី រយៈពេល១ខែដែលម៉ែមិនធ្លាប់ជួបពីមុនមកទាំងភ័យ ជាពិសេសគឺពេលយប់ ពេលព្រលប់ក្រែងល៍មានអ្វីខុសពីធម្មតាគេងយប់ភ័យញ័រញាក់ បួងសួងកុំឱ្យមានអ្វីកើតឡើងឱ្យសោះ ចំពោះកូនម៉ែ បន់ឱ្យពេលវេលាឆាប់មកដល់ ដើម្បីជួបមុខប្តីវិញ ដើម្បីកូនមាសស្ងួន ចេញមកឃើញពិភពលោក ។

GettyImages 1040213716 720x450

-ខែទី៧ ម៉ែចាប់ផ្តើមឈឺចុករោយកាន់តែខ្លាំង អង្គុយក៏ពិបាក គេងក៏ពិបាក ដើរក៏ពិបាក ឈឺកាយគឺមធ្យម ងំគឺម៉ែពិបាកចិត្ត ម៉ែមិនអាចហាមការគិតថា កុំគិតពីរឿងនោះបានឡើយ ម៉ែមានអារម្មណ៍ថា ធ្វើឱ្យកូនទទួលរងនូវការឈឺចាប់ជាមួយម៉ែដែរ ម៉ែសុំទោសណាកូន ។

-ខែទី ៨ ម៉ែប្រឹងដើរហាត់ប្រាណ ទោះជាពិបាកដើរ យ៉ាងណាក៏ដោយ ដើម្បីកូនពេលសម្រាល ពោះកាន់តែធំ ធ្ងន់ចុះក្រោម ស្ទើរយោងអាត្មាមិនរួច កាន់តែពិបាកគេង មួយយប់បានតែ ៣ ទៅ ៤ម៉ោងតែប៉ុណ្ណោះ ម៉ែប្រឹងស្រាវជ្រាវរបបអាហារដែលមានវីតាមីន ជីវជាតិ ថាមពល ទោះជាម៉ែមិនចេះញុំាក៏ដោយ ក៏បិទភ្នែក បើកបំពង់ក ញុំាដែរ តមអស់ហើយ អាហារ ហិល ខ្លាញ់ ក្រៀម សុភាសិតរបស់ម៉ែគឺ (ឆ្ងាញ់មាត់ឯងឱ្យក្រែងមាត់កូន )ប៉ុន្តែម៉ែនៅតែពុះពារដើម្បីកូនជានិច្ច ។

429830

-ខែទី ៩ជាខែដែលម៉ែរង់ចាំផ្លូវកូន គឺជាខែមួយដែលយូរបំផុតសម្រាប់ម៉ែ ជួបមុខកូន ម៉ែភ័យលាយអរ ឮថាគ្មានអ្វីឈឺជាងឈឺពោះកើតកូននោះទេ មិនដឹងថានឹងមានអ្វីកើតឡើងចំពោះម៉ែឡើយ ប៉ុន្តែបេះដូងមួយនេះនៅតែត្រដរដើម្បីកូនម៉ែ ។

ដល់ថ្ងៃកូនកើតចេញ ស្គាល់ពាក្យថាឆ្លងទន្លេ មហាសែនពិបាក ម៉ែស្ទើរផុតដង្ហើមម្តងៗ ម៉ែប្រឹងឡើងទន់ទាំងខ្លួន លុះបានឮសំឡេងកូន ម៉ែសែនអរពេកក្រៃ កម្លាំងម៉ែមិនដឹងមានមកពីណាវិញទេ នោះគឺកម្លាំងចិត្ត កូនដេកលើទ្រូងម៉ែលើកដំបូង ប្រឹងបឺតដោះ ដែលមិនទាន់ចេញទឹកដោះ ម៉ែអាណិតណាស់ពៅមាស ពេលឃើញកូនយំម្តងៗ ទ្រូងម៉ែស្ទើរធ្លាយ ពេលខ្លះយំជាមួយកូនក៏មាន កូនឈឺម៉ែភ័យរត់ជើងបី ជើងបួន ដេកមិនបាន មិនហ៊ានដេក ខ្លាចកូនកើតអី ម៉ែមិនដឹង បានត្រឹមធ្មេច មួួយភាំងៗ ក៏ស្កប់ស្កល់ដែរឱ្យតែកូនជា ។

Newborn Baby Clings To Mom Brenda Coelho Fb__700 Png

ខ្ពើមណាស់អាចម៌កូនគេ ដល់ពេលអាចម៌កូនខ្លួនឯង ទោះស្អុយក៏ចង់ហិតដែរ ដូចជាថ្នាំញៀន ពេលហិតហើយមានកម្លាំងភ្លែត ពេលដូរកន្ទបមិនទាន់ កូននោមដាក់ម៉ែ ក៏ម៉ែនៅតែសើចប្រឡែងលេងនឹងកូនរហូត ។

ឃើញកូនចាក់ថ្នាំ ទោះថ្នាំបង្ការក៏ម៉ែម្នាក់នេះ យំអាណិតកូន ពេលឃើញទឹកភ្នែកកូនហូរ ម៉ែឈឺជាងកូនរាប់រយលានដង ម៉ែអាចទន់ជ្រាយដោយសារទឹកភ្នែកកូន ។

កូនចាប់ផ្តើមចង់ចេះនិយាយ អេ អឺ អេ អឺ ម៉ែកំដរកូននិយាយឆ្លើយឆ្លងគ្នា មិនហត់នឿយឡើយកូន ។

Baby

ម៉ែ នៅសរសៃខ្ចី ប្រឹងដេកផ្អៀងផង អង្គុយផងឱ្យកូនបៅ ទាំងឈឺ ចុករោយចង្កេះខ្នង ក៏ម៉ែសប្បាយនឹងការងារមួយនេះដែរ ម៉ែជាបុគ្គលិករបស់កូន ការងារដែលគ្មានថ្ងៃឈប់សម្រាក បាយមិនទៀងទាត់ គេងមិនគ្រប់គ្រាន់ ប្រាក់ខែគ្មានកំណត់ ។

ពីមុនពេលចេញទៅក្រៅម៉ែសម្អិតសម្អាងខ្លួនឡើងភ្លឹង តែដល់មានកូនធ្វើម៉េចឱ្យតែកូនស្អាត ល្អ ម៉ែអស់ចិត្តហើយ ។

Shopping ម្តងៗ លែងមានហើយរបស់របរធ្វើខ្លួនម៉ែ មានតែរបស់កូន គ្រប់បែបគ្រប់យ៉ាង មិនដែលរំលងមួយពេលណាឡើយ ។

សម្រាប់ម៉ែគឺកូនជាអ្នកនាំសុភមង្គលដល់គ្រួសារយើង ម៉ាក់ប៉ាអាចសើចជាមួយគ្នា ដឹកគ្នាដើរផ្លូវដ៏វែងមួយនេះបាន ដោយសារស្នាមញញឹមកូន៕

Mother Playing With Her Newborn

ប្រភពរូបភាព និង អត្ថបទ ៖ ហ្វេសប៊ុក