ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ បកស្រាយត្រណមកក់សក់ ចំពោះស្ត្រី ក្រោយពេលសម្រាលកូនរួច!

ក្រោយពេលសម្រាលកូនរួច ចាស់ៗបុរាណតែងហាមឃាត់ស្ត្រីដែលទើបសម្រាលកូន មិនឱ្យងូតទឹកកក់សក់ ព្រោះខ្លាចគាត់កើតរោគទាស់។ មកទល់នឹងពេលបច្ចុប្បន្ននេះ ការហាមប្រាមមិនឱ្យស្រ្តីងូតទឹកកក់សក់ក្រោយពេលសម្រាលកូនរួច នៅតែបន្តមានក្នុងសង្គមខ្មែរដដែល ជាពិសេសនៅតាមស្រុកស្រែចម្ការឬតំបន់ដាច់ស្រយាល។

100047808_3323275011051268_7230396809376432128_o

ខ្ញុំយល់ថា ការហាមប្រាមមិនឱ្យស្រ្តីងូតទឹកកក់សក់រយៈពេល២ឬ៣សប្ដាហ៍ក្រោយពេលសម្រាលកូនរួច បើអនុវត្តនៅសម័យមុនមិនជាទាស់ខុសអ្វីនោះទេ ព្រោះផ្ទះបងប្អូនប្រជាពលរដ្ឋខ្មែរយើងសម័យនោះ ភាគច្រើនគ្មានបន្ទប់ទឹកបិទបាំងជិតខ្យល់នៅជាប់ផ្ទះឬនៅក្នុងផ្ទះដូចសម័យនេះ ដូច្នេះបើងូតទឹកកក់សក់កណ្ដាលវាលល្ហល្ហែវអាចនឹងរងាញាក់ញ័រទាស់បាន។

ចំណែកសម័យឥឡូវ បន្ទប់ទឹកផ្ទះនីមួយៗឡើងជិតឈឹង រកខ្យល់មួយវ៉ូបក់មកមិនបានផង តើយើងខ្លាចទាស់អីទៀត?

ប្រសិនបើយើងមិនបានងូតទឹកកក់សក់ទើបជារឿងដែលត្រូវទាស់។ សាកគិតលមើល សូម្បីយើងមនុស្សមានសុខភាពល្អធម្មតា គ្រាន់តែមិនបានងូតទឹកកក់សក់២ឬ៣ថ្ងៃ យើងនៅមិនចង់សុខផង ចុះទម្រាំគ្នាកូនខ្ចីអត់កក់សក់រាប់សប្ដាហ៍ តើពិបាកក្នុងខ្លួនយ៉ាងណាទៅ?

តើមិនស្អុះស្អាប់ក្បាលទេអី? តើមិនរមាស់ក្បាលទេអី? តើស្បែកក្បាលមិនសុទ្ធតែមេរោគទេអី? តើក្បាលមិនធុំក្លិនផ្អូមជូរទេអី? គ្រាន់តែធុំក្លិនផ្អូមជូរក្បាលខ្លួនឯង គឺធ្វើឱ្យពួកគាត់ទាស់បាត់ទៅហើយ។

101374422_3323275037717932_7955932908701614080_o

ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ទោះបីមានកូនខ្ចីក៏ដោយ ឬទើបសម្រាលកូនបានបីបួនថ្ងៃក៏ដោយ ប្រសិនបើស្រ្តីទើបសម្រាលកូននោះមានសុខភាពល្អ មានកម្លាំងកំហែងរឹងមាំ ងូតទឹកកក់សក់ចុះមិនអីទេ។ ប៉ុន្តែបើសម្រាលកូនចំខែកត្តិកត្រជាក់ខ្លាំង យើងគួរដាំទឹកក្ដៅលាយជាមួយទឹកត្រជាក់ឱ្យនៅក្ដៅឧណ្ហៗ ហើយយកមកងូតកក់សក់ទៅដើម្បីកុំឱ្យត្រជាក់ខ្លាំងពេក។

នៅពេលងូតទឹកកក់សក់រួចរាល់ហើយ ត្រូវយកកន្សែងមកជូតសក់ឱ្យស្ងួត ឬបើមានម៉ាស៊ីនផ្លុំសម្ងួតសក់ ត្រូវផ្លុំសក់ឱ្យស្ងួតល្អ រួចសិតថ្នមៗ នោះមិនទាស់ទេ៕

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី #MJQUP