ជាទូទៅនៅស្រុកគេ រាល់ថ្ងៃគេរកតែពេលវេលា ដើម្បីទៅគ្រប់គ្រងគ្រួសារ គ្រប់គ្រងក្រុមហ៊ុន គ្រប់គ្រងប្រទេស ជាពិសេសគេទៅមើលការខុសត្រូវបុគ្គលិក ណែនាំបុគ្គលិក បង្រៀនបុគ្គលិក ឬទៅអភិវឌ្ឍខ្លួនគេសឹងមិនបានផង។ ចំណែកយើងវិញ មួយថ្ងៃៗរវល់តែរឿងផឹកស៊ី ស្រវឹងអួទីនួ ស្រវឹងមិនចេះស្វាង តិចៗទៅខារ៉ាអូខេ តិចៗទៅជួបជុំមិត្តភក្ដិ តិចៗទៅជប់លៀង។
ការផឹកស៊ីបន្តកន្ទុយគ្នារដឹកដូច្នេះ ដោយសារតែយើងមានទម្លាប់មួយ គឺទម្លាប់ផឹកស៊ី ហើយការបង្កើតទម្លាប់បែបនេះយូរៗទៅនឹងក្លាយជាវប្បធម៌មួយ ដែលគេហៅថា វប្បធម៌ផឹកស៊ី វប្បធម៌និយាយសាំតាប៉ែ វប្បធម៌លេងល្បែងរហូតលែងចង់ទៅធ្វើការងារ ឬលែងនាំគ្នាទៅធ្វើស្រែចម្ការក៏មាន។ នេះជាការលើកឡើងរបស់ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជរ. គួច អេឌ្យូខេសិន។
លោកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា បើគ្មានទឹកធ្វើស្រែទេ យើងគួរតែសាមគ្គីគ្នាទៅជីកប្រឡាយ ធ្វើរហាត់ទឹក ឬធ្វើប្រព័ន្ធទឹក ដើម្បីស្រោចស្រពដំណាំ ប៉ុន្តែបច្ចុប្បន្នមិនមែនអ៊ីចឹងទេ ប្រជាពលរដ្ឋខ្មែរស្ទើរទាំងអស់ទៅហើយ ដែលអង្គុយចាំតែរបស់ស្រាប់។
ការនិយាយបែបនេះ មិនមែនន័យថា ប្រជាពលរដ្ឋខ្មែរយើងខ្ជិលច្រអូសនោះទេ ប៉ុន្តែដោយសារពួកគាត់មិនសូវមានគោលដៅច្បាស់លាស់ ជាពិសេសគ្មានអ្នកណែនាំ គ្មានអ្នកបំផុស គ្មានអ្នកដាស់តឿនពួកគេឱ្យក្រោកឡើងមើលអ្នកជិតខាង ថាគេលូតលាស់ទៅមុខដល់ណាហើយ ប្រទេសគេដើរទៅមុខដល់ណាហើយ ហើយយើងនៅតែគើមៗដូចក្ដាមយ៉ាងដូចនេះ រឿងអីមិនយើងចាញ់គេ។
លោកឧកញ៉ា បន្ដថា នៅក្នុងសង្គមខ្មែរមិនសូវមានអ្នកណែនាំប្រជាពលរដ្ឋហើយ ថែមទាំងផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងទៅទៀត។ ប្រជាពលរដ្ឋរីកចម្រើនទៅបាន លុះត្រាតែកាត់បន្ថយការផ្សព្វផ្សាយស្រា។ ការនិយាយបែបនេះ ប្រាកដជាប៉ះពាលលើអាជីពកម្មរបស់គេមិនខាន ប៉ុន្តែបើរវល់តែខ្លាចមិនហ៊ាននិយាយ តើអនាគតកូនខ្មែរទៅជាយ៉ាងណា។
តាមពិត ប្រទេសណាក៏គេលក់ ក៏គេផ្សព្វផ្សាយដែរ ប៉ុន្តែការផ្សពផ្សាយរបស់គេមានស្តង់ដារតាមក្បួនខ្នាត តាមពេលវេលា មានកម្រិត មានកំណត់អាយុត្រឹមត្រូវ។ អ្នកដែលអាចប្រើប្រាស់បានមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយត្រូវពង្រឹងការអនុវត្តឱ្យខ្លាំង ជាពិសេសបើក្មងក្រោមអាយុ១៨ឆ្នាំមកទិញត្រូវចាប់ដោយមិនស្ទាក់ស្ទើរ។ ពេលក្មេងមកទិញកុំធ្វើជាបិទភ្នែក កុំយោគយល់ ត្រូវចាប់ផ្ដើមអនុវត្តច្បាប់។
លោកឧកញ៉ា គួច ម៉េងលី បញ្ជក់ថា បើមើលបញ្ហាមិនឃើញបញ្ហាទេ ថ្ងៃក្រោយបញ្ហានោះនឹងគរ គឺគរមកលើសង្គមយើងហើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវដោះស្រាយម្តងមួយៗ គឺដោះរាល់ថ្ងៃ ហើយពន្យល់ណែនាំប្រជាពលរដ្ឋម្ដងបន្តិចៗ ព្រោះគេមិនអាចបញ្ជ្រាបប្រជាពលរដ្ឋម្ដងយល់ទាំងអស់នោះទេ ប៉ុន្តែគេបណ្តុះក្មេងតាំងពីតូចៗ និងពីមួយជំនាន់ទៅមួយជំនាន់ ដូចនៅសង្ហបុរីអ៊ីចឹង គេមិនចោលសំរាមផ្ដេសផ្ដាស ការឆ្លងផ្លូវមានសណ្តាប់ធ្នាប់ មិនបើកបរហួសរល្បឿន គេគោរពច្បាប់ណាស់។ រឿងទាំងអស់នេះមិនមែនគេធ្វើតែមួយយប់មួយថ្ងៃចេញនោះទេ តែវាកើតចេញពីការអប់រំ ការបណ្ដុះបណ្តាល ការបង្រៀន ការចងច្បាប់ ការបន្តឹង ការអនុវត្ត ការផាកពិន័យក្នុងរយៈពេលវែង៕
ប្រភព ៖ interconrooster / ឧកញ៉ាវេជ្ជបណ្ឌិត ៖ គួច ម៉េងលី