ដំរី និងឆ្កែ មានផ្ទៃពោះក្នុងពេលតែមួយ
បីខែក្រោយមកសត្វឆ្កែនោះ បានផ្តល់កំណើតដល់កូនឆ្កែ ៦ក្បាល។ ៦ខែក្រោយមកទៀត ឆ្កែមានផ្ទៃពោះម្តងទៀត ហើយ៩ខែក្រោយមក ក៏បានបង្កើតកូនឆ្កែជាច្រើនទៀត។
នៅខែទី១៨ សត្វឆ្កែបានដើរទៅជិតដំរី ហើយសួរថា ៖
"តើអ្នកប្រាកដទេ ថាអ្នកមានផ្ទៃពោះ? យើងមានផ្ទៃពោះក្នុងពេលតែមួយ តែខ្ញុំបានផ្តល់កំណើត ៣ ដងដល់កូនខ្ញុំដល់ទៅ ១២ក្បាល ហើយឥឡូវនេះ ពួកគេធំៗអស់ហើយ តែអ្នកនៅតែមានផ្ទៃពោះដដែល តើមានរឿងអ្វីកើតឡើងទៅ? "
ដំរីបានឆ្លើយថា ៖
"មានអ្វីមួយដែលខ្ញុំចង់ឱ្យអ្នកយល់ ខ្ញុំជាដំរីមិនមែនជាកូនឆ្កែទេ ខ្ញុំទើបតែសម្រាលកូនបានមួយក្នុងរយៈ 2 ឆ្នាំ តែកូនខ្ញុំកើតមក ក៏ធំរឹងប៉ឹង និងមានកម្លាំងខ្លាំងក្លា ហើយបើពេលណាមនុស្សឃើញកូនខ្ញុំ ពួកគេនឹងឈប់មើល ដោយការកោតសរសើរ"។
ដូច្នេះ នៅក្នុងរឿងមួយនេះ វាបានបង្កប់នូវអត្ថន័យអប់រំដូចជា ៖
- កុំបាត់បង់ជំនឿ ក៏កុំច្រណែន បើអ្នកបានឃើញអ្នកដទៃ ទទួលបានជោគជ័យ ក្នុងរយៈពេលខ្លី ឬឆាប់។
- កុំមានអារម្មណ៍តូចចិត្ត ប្រសិនបើអ្នកមិនទាន់បានដូចគេ ក្នុងខណៈពេលដែលអ្នកកំពុងតែខំប្រឹងប្រែង។
- កុំអស់សង្ឃឹម ចូរនិយាយប្រាប់ខ្លួនអ្នកថា "ពេលវេលារបស់ខ្ញុំនឹងមកដល់ នៅពេលខាងមុខនេះ ហើយវានឹងផ្ដល់នូវលទ្ធផលមួយ ដែលល្អប្រសើរ គង់វង្ស យូរអង្វែង"៕
ប្រភព : Parenting / ប្រែសម្រួល ៖ ភី អេក (គ្រូពេទ្យក្នុងស្រុក)