ជំងឺរើម ឬតាមភាសាបច្ចេកទេសហៅថា herpes simplex virus ដែលប្រជាពលរដ្ឋខ្មែរជាទូទៅនិយមហៅពងបែកក្នុងមាត់ ឬក្ដៅក្នុង ។ រើមត្រូវបានបែងចែកចេញជាពីរប្រភេទ ដែលប្រភេទទី១ គឺកើតមានចាប់ពីត្រឹមផ្ចិតឡើងលើ ខណៈប្រភេទទី២ អាចកើតឡើងចាប់ពីត្រឹមផ្ចិតចុះក្រោម ។
ថ្វីដ្បីតរើមពុំមែនជាជំងឺដ៏កាចសាហាវក៏ពិតមែន ប៉ុន្តែវាអាចបង្កឱ្យមនុស្សមានអាការៈក្ដៅខ្លួន ឈឺចុកចាប់សាច់ដុំ ជាពិសេសវាបង្កឱ្យមានពងបែកតូចៗនៅតាមកន្លែងផ្សេងៗលើសារពាង្គកាយរបស់មនុស្ស ។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី។
លោកវេជ្ជបណ្ឌិតបញ្ជាក់ពីរោគសញ្ញាយ៉ាងដូច្នេះថា «ជួនកាលវាដំបៅកៀនមាត់ ពេលខ្លះវាដំបៅនៅកៀនភ្នែក ជួនកាលវាដំបៅលើទ្រូង លើខ្លួន ហើយដំបៅហ្នឹងពេលចេញដំបូង គឺក្ដៅខ្លួន ទ្រោមៗ ឈឺសាច់ដុំពេញខ្លួន អស់កម្លាំង ។
ពេលបានមួយថ្ងៃ ពីរថ្ងៃ បានដឹងវាចេញមកតូចៗដូចគ្រាប់ទំពាំងបាយជូរអ៊ីចឹងឯង មានទំហំប៉ុនៗចុងធូប មួយកញ្ចុំ ។ នៅពេលដែលវាចេញមកហើយ វាមិនសូវឆ្លងទេ ប៉ុន្ដែមុននឹងវាចេញ គឺមានការឆ្លងអាក្រក់ណាស់ ។ ប្រសិនបើយើងថើបក្មេងភ្លាមឆ្លងភ្លាម ១០០% ហើយប្រសិនបើយើងញ៉ាំស្លាបព្រាតែមួយជាមួយគ្នាដឹងតែឆ្លង ១០០% វាមិនចាំយូរទេ មេរោគហ្នឹង» ។
មិនទាន់មានប្រភពណាមួយបញ្ជាក់ពីចំនួនពលរដ្ឋកម្ពុជាដែលធ្លាប់កើតជំងឺនេះនោះទេ ប៉ុន្តែបើនៅសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ស្មានថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ៦៧ % ហើយមានអាយុចន្លេះពី៤៩ឆ្នាំចុះក្រោមសុទ្ធតែធ្លាប់បានកើតជំងឺរើមប្រភេទទី១ ។
ប្រភេទទី១ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា មានលក្ខណៈស្រាលជាងប្រភេទទី២ ។ ប្រសិនបើមានប្រភេទទី១ ហើយមិនបង្ការប្រភេទទី២ទេ នឹងអាចមានប្រភេទទី២ទៀត តែប្រសិនបើមានប្រភេទទី២ គឺមិនមានប្រភេទទី១ទៀតនោះទេ ហើយវាច្រើនតែកើតមាននៅនឹងគូទ នៅលើលិង្គ កៀនលិង្គ កៀនភ្លៅជាដើម ។
លោកវេជ្ជបណ្ឌិតបន្តថា មូលហេតុដែលបណ្ដាលឱ្យមនុស្សម្នាក់ឆ្លងជំងឺនេះទាំងប្រភេទទី១ និងទី២ គឺមកពីការរស់នៅកង្វះអនាម័យ និងការរួមភេទជាមួយអ្នកមានមេរោគរើមដោយមិនបានប្រើស្រោមអនាម័យជាដើម ។
ពេលពេលនរណាម្នាក់មានផ្ទុកមេរោគរើមនៅក្នុងខ្លួន វានឹងបង្កឱ្យមានពងបែកនៅពេលប្រព័ន្ធការពាររាងកាយរបស់មនុស្សចុះខ្សោយ ដូចជានៅពេលដែលយើងពិបាកចិត្ត គេងមិនលក់ ស្មុគស្មាញរឿងគ្រួសារជាដើម វានឹងកើតមានឡើងជាក់ជាមិនខាន ។
អ្នកខ្លះ មួយឆ្នាំអាចកើតមានពីរទៅបីដង អ្នកខ្លះទៀតអាចកើតមានស្ទើររៀងរាល់ខែក៏មាន ។ ប្រសិនបើកើតលើកុមារ គឺធ្វើឱ្យកុមារពិបាកនឹងលូតលាស់ ដោយសារប្រព័ន្ធការពាររាងកាយចុះខ្សោយ ។
តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំថា សម្រាប់អ្នកដែលឧស្សាហ៍កើតរើមសូមស្វែងរកថ្នាំមួយប្រភេទដែលមានឈ្មោះថា Acyclovir ប្រភេទ 500 mg។ ឱសថនេះនឹងជាទប់ស្កាត់មិនឱ្យកើតក្នុងរយៈពេលមធ្យម ដោយទទួលទានមួយថ្ងៃពីរដង ពេលព្រឹកមួយដង ពេលល្ងាចមួយដង តែទោះជាយ៉ាងណាក៏ដោយ មានតែពិនិត្យនៅពេទ្យប៉ុណ្ណោះ ទើបដឹងច្បាស់ ៕
ប្រភព៖ www.interconrooster.com