#លេបថ្នាំខុសវេជ្ជបញ្ជានាំឱ្យជំងឺស៊ាំថ្នាំ
ថ្នាំពេទ្យអាចជួយសង្រ្គោះជីវិតមនុស្សបាន តែវាក៏អាចសម្លាប់មនុស្សបានដែរ។ មានន័យថា បើយើងលេបថ្នាំពេទ្យត្រឹមត្រូវតាមវេជ្ជបញ្ជា ថ្នាំពេទ្យនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរបស់យើង។ ផ្ទុយទៅវិញ បើយើងលេបថ្នាំពុំស្របតាមការណែនាំរបស់គ្រូពេទ្យទេ វានឹងធ្វើឱ្យជំងឺយើងពិបាកព្យាបាល ឬព្យាបាលលែងជា។
ខ្ញុំឃើញអ្នកជំងឺនៅស្រុកខ្មែរ អ្នកជំងឺខ្លះអត់ធ្វើតាមការណែនាំរបស់គ្រូពេទ្យទេ អ៊ីចឹងហើយបានជាជំងឺពួកគាត់ពិបាកព្យាបាល។ ឧទាហរណ៍ អ្នកជំងឺ “ក” កើតជំងឺម្យ៉ាងដែលបង្កឡើងដោយមេរោគបាក់តេរីប្រភេទណាមួយ។ គ្រូពេទ្យបានឱ្យថ្នាំគាត់លេបរយៈពេលមួយសប្ដាហ៍ តែគាត់លេបថ្នាំនោះអត់បានទៀងទាត់និងគ្រប់មួយសប្ដាហ៍តាមវេជ្ជបញ្ជាទេ។ គាត់លេបបាន៣ថ្ងៃ មានអារម្មណ៍ថាធូរស្បើយច្រើន ក៏ឈប់លេប។ ជួនកាលគាត់លេបបាន២ឬ៣ថ្ងៃ ស្រាប់តែភ្លេចលេបមួយថ្ងៃ ហើយមួយថ្ងៃក្រោយទើបលេបបន្ត។
ការលេបថ្នាំបែបនេះធ្វើឱ្យជំងឺស៊ាំថ្នាំ ដែលធ្វើឱ្យថ្នាំលែងមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគ។ ហេតុអ្វី? ពីព្រោះជំងឺដែលបង្កដោយបាក់តេរី បើយើងលេបថ្នាំផ្សះ (Antibiotic) ត្រឹមតែ៣ឬ៤ថ្ងៃ វាមិនអាចសម្លាប់មេរោគបានឡើយ គឺបានត្រឹមតែធ្វើឱ្យមេរោគស្រងល់ឬចុះខ្សោយតែប៉ុណ្ណោះ។ លុះពេលមេរោគងើបមកវិញ វាស្គាល់ថ្នាំ ស៊ាំនឹងថ្នាំ ដូច្នេះយើងលេបថ្នាំនោះលែងមានប្រសិទ្ធភាពទៀតហើយ។
នៅសហរដ្ឋអាមេរិកធ្លាប់មានជំងឺមួយប្រភេទដែលគេប្រើថ្នាំផ្សះប្រភេទខ្លាំងយ៉ាងណាក៏គ្មានប្រសិទ្ធភាព។ កាលនោះ មនុស្សក្នុងសកលលោកនាំគ្នាភ័យខ្លាចជំងឺនោះជាខ្លាំង។ អ្នកជំងឺត្រូវគេដាក់ឃ្លុំបេតែឯង ព្រោះខ្លាចឆ្លងរាលដាលជាសកល។ ក្រោយពេលគេរកឃើញថ្នាំព្យាបាល ហើយព្យាបាលអ្នកជំងឺនោះជា ទើបគេឱ្យអ្នកជំងឺនោះចេញក្រៅ។ ថ្នាំព្យាបាលនោះ គឺគេយកពពួកថ្នាំផ្សះលាយបញ្ចូលគ្នាឱ្យខ្លាំង ទើបអាចសម្លាប់មេរោគបាក់តេរីដ៏កាចសាហាវនោះបាន។ សព្វថ្ងៃគេព្រួយបារម្ភខ្លាំងរឿងប្រជាពលរដ្ឋលេបថ្នាំផ្ដេសផ្ដាសដោយគ្មានវេជ្ជបញ្ជានេះឯង។
ខ្ញុំសូមស្នើដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបថា ប្រសិនបើមានជំងឺឈឺថ្កាត់ សូមកុំទៅទិញថ្នាំពេទ្យលេបតាមតែចិត្តនឹកឃើញឱ្យសោះ គឺត្រូវតែទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ។ នៅពេលគ្រូពេទ្យផ្ដល់ថ្នាំឱ្យលេប គឺត្រូវតែលេបថ្នាំនោះតាមវេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការលេបខកខានឬលេបថ្នាំបានពាក់កណ្ដាល ក៏ទុកថ្នាំចោល។ អ្នកគ្រប់គ្នាត្រូវដឹងថា បើទិញថ្នាំមកលេបដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យជំនាញ គឺនឹងបង្កគ្រោះថ្នាក់ដល់ជីវិត។ បើលេបថ្នាំត្រូវតាមវេជ្ជបញ្ជា នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយស៊ាំនឹងជំងឺ ដែលធ្វើឱ្យងាយស្រួលព្យាបាលឬព្យាបាលឆាប់ជា។ ប៉ុន្តែបើលេបថ្នាំពុំត្រឹមត្រូវតាមវេជ្ជបញ្ជាទេ ជំងឺនឹងស៊ាំថ្នាំវិញ ដូច្នេះធ្វើឱ្យពិបាកព្យាបាលឬព្យាបាលលែងជាតែម្ដង៕
#MenglyJQuach
#MJQUP