#ហេតុអ្វីហូបលៀសហាលហើយរាករូស?
លៀសហាល គឺជាអាហារមួយប្រភេទដែលពលរដ្ឋខ្មែរភាគច្រើននិយមចូលចិត្តហូប ជាពិសេសនៅកំលុងពេលរដូវក្ដៅ។ មែនទែនទៅ ពុំមែនតែពលរដ្ឋខ្មែរទេដែលនិយមចូលចិត្តហូបអាហារនេះ ពោលសូម្បីពលរដ្ឋហ្វីលីពីន ជប៉ុនជាដើមនោះ ក៏គេនិយមហូបលៀសហាលនេះណាស់ដែរ។
លៀស គឺជាសត្វមួយប្រភេទពួកគ្រំ សំបកទាំងពីរខាងជាប្រអប់ ខាងគូទតូច ខាងមាត់រីកកំពាង រស់នៅក្នុងភក់ឬដីខ្សាច់ក្នុងទឹក។ វាមានសម្បកស្ដើង ហើយគ្មានឈាម។ កាលពីដើម ខ្មែរធ្វើលៀសហាលដោយយក លៀសដែលបានលាងស្អាតយកទៅជ្រលក់ទឹកក្ដៅមួយប្រូង បន្ទាប់មកយកទៅប្រឡាក់គ្រឿង ហើយយកទៅហាលថ្ងៃ១៥ទៅ២០នាទីឱ្យឆ្អិនទើបគេហូប។ បើនៅហ្វីលីពីនវិញ គេមិនស្រុសទឹកក្ដៅដូចយើងទេ គឺគេប្រឡាក់គ្រឿងហើយយកទៅហាលថ្ងៃកន្លះម៉ោង នឹងឆ្អិនអាចហូបបានហើយ។ ចុះបើសិនហាលមិនឆ្អិន តើវាមានមេរោគទេ? គឺគ្មានមេរោគទេ ប្រសិនបើយើងធ្វើវាប្រកបដោយអនាម័យត្រឹមត្រូវឬលាងសម្អាតវានឹងទឹកស្អាតបានជ្រះល្អ។
ហេតុអ្វីអ្នកខ្លះហូបលៀសហាលហើយចេះតែរាករូស? នោះមកពីគាត់ហូបលៀសហាលដែលគ្មានអនាម័យឬគាត់ហូបប៉ះចំលៀសស្អុយឬសល់យូរថ្ងៃ។ អ្នកលក់ខ្លះខូចណាស់! គាត់យកលៀសដែលលក់សល់ពីរបីថ្ងៃមុនមកលាយជាមួយលៀសថ្មីលក់ឱ្យយើងហូប។ ចំណែកអ្នកខ្លះទៀត ហេតុតែចង់ចំណេញជ្រុលពេកទៅ គាត់យកលៀសស្អុយមកលាយលក់ឱ្យយើងហូបទៀត។ លៀសស្អុយហ្នឹង គឺពោរពេញទៅដោយបាក់តេរី Escherichia coli។ នៅពេលយើងហូបប៉ះចំលៀសស្អុយហ្នឹង បាក់តេរីនោះនឹងធ្វើឱ្យយើងចុកពោះ រាករូសភ្លាមៗ។
ដូច្នេះ ដើម្បីកុំឱ្យប៉ះពាល់សុខភាពអ្នកហូប និងដើម្បីឱ្យគេហូបម្ដងហើយចង់ហូបបន្តបន្ទាប់ទៀត អ្នកធ្វើលៀសហាលលក់គ្រប់រូប គួរធ្វើលៀសហាលប្រកបដោយអនាម័យ ពោលគឺលាងជម្រះលៀសដោយទឹកស្អាតឱ្យជ្រះល្អ ហាលនឹងកម្ដៅថ្ងៃឱ្យឆ្អិនល្អ និងដាក់លក់ឱ្យមានអនាម័យ។ ប្រសិនបើពុំសូវមានកម្ដៅថ្ងៃ ត្រូវតែយកលៀសស្រុសទឹកក្ដៅមួយប្រូង រួចសឹមប្រឡាក់គ្រឿងគ្រៅហាលលក់។ ជាពិសេស ចៀសវាងយកលៀសហាលសល់ពីរបីថ្ងៃមុនឬលៀសស្អុយមកលាយលក់។ ចំណែកអ្នកហូបវិញ ក៏គួរទិញហូបឱ្យត្រូវរដូវកាលដែរ ពោលបើខែភ្លៀងធ្លាក់ គួរកុំទិញលៀសហាលហូបអី ព្រោះវាអាចធ្វើឱ្យរាករូស។ គួរទិញហូបនៅខែដែលមានធាតុអាកាសក្ដៅ៕
#DrMenglyJQuach #HealthTips
#MJQUPTeam