ការទទួលទានអាហារ ក៏អាស្រ័យទៅលើប្រភេទឈាមរបស់អ្នកផងដែរ ដើម្បីបំពេញទៅតាមតម្រូវការនៃឈាមរបស់អ្នក អ្នកគួរតែដឹងពីប្រភេទឈាមរបស់ខ្លួនឯង ហើយស្វែងយល់បន្ថែមទៅអាហារដែលសក្តិសមសម្រាប់អ្នកទទួលទាន។
១. ប្រភេទឈាម A
អាហារដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ដែលត្រូវបានណែនាំសម្រាប់អ្នកដែលមានឈាមប្រភេទ A រួមមានស្រូវ ធញ្ញជាតិ បន្លែ និងផ្លែឈើ ពីព្រោះមនុស្សក្នុងក្រុមនេះត្រូវបានចុះមកពីកុលសម្ព័ន្ធកសិកម្ម ដែលជាចំណីអាហារពីរុក្ខជាតិ។
ទោះជាយ៉ាងណាក៏ដោយ ឈាមប្រភេទ A ជាធម្មតាមិនអាចរំលាយផលិតផលទឹកដោះគោបានទេ ដូច្នេះវាជាការប្រសើរក្នុងការញុំាទឹកដោះគោជូរ។ លើសពីនេះទៅទៀត សាច់ក៏ពិបាករំលាយ និងងាយប្រែជាខ្លាញ់សម្រាប់អ្នកដែលមានឈាមប្រភេទ Aដែរ ផ្ទុយទៅវិញអ្នកគួរតែញុំាសណ្តែក និងត្រីសម្រាប់ប្រូតេអ៊ីន។
ស្ត្រេស គឺជាសត្រូវដ៏សំខាន់សម្រាប់មនុស្សដែលមានឈាមប្រភេទ A ដូច្នេះការហាត់ប្រាណយឺត ៗ ដូចជាយូហ្គា គឺជាវិធីល្អបំផុតដើម្បីបន្ធូរអារម្មណ៍។
២. ក្រុមឈាម B
អ្នកដែលមានឈាមប្រភេទ B មានសមត្ថភាពរំលាយអាហារជាច្រើនប្រភេទដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ធញ្ញជាតិ និងផលិតផលទឹកដោះគោ។ ពួកគេត្រូវបានចុះមកពីកុលសម្ព័ន្ធពនេចរដែលត្រូវញុំាចំណីអាហារផ្សេងៗ ដើម្បីរស់ក្នុងបរិយាកាសដ៏សែនលំបាក។ ប្រសិនបើអ្នកជាមនុស្សស្ថិតក្នុងក្រុមឈាមប្រភេទ B អ្នកគួរតែញុំាអាហារជាច្រើនប្រភេទ ជាពិសេសប្រូតេអ៊ីន បើមិនដូច្នេះទេអ្នកនឹងងាយនឹងឆាប់ខឹង និងអស់កម្លាំង។
សាច់មានខ្លាញ់ទាបដូចជាសាច់គោ និងសាច់ចៀម គឺល្អសម្រាប់អ្នកដែលមានប្រភេទឈាម B ព្រោះវាងាយរំលាយ និងជួយធ្វើឱ្យមេតាប៉ូលីសលឿន។ ទោះជាយ៉ាងណាក៏ដោយ សាច់មាន់ ល្ង ពោត ម្សៅ ធ្វើឱ្យពួកគេធាត់បានយ៉ាងងាយស្រួល។
អ្នកដែលមានឈាមប្រភេទ B មានកម្រិតស្ត្រេសខ្ពស់ជាងប្រភេទឈាមដទៃទៀត។ ដូច្នេះអ្នកគួរតែលេងកីឡាសកម្មដូចជា កីឡាវាយកូនបាល់ វាយកូនហ្គោល និងសាកល្បងហាត់ប្រាណយឺតៗ ដូចជាយូហ្គាដើម្បីបន្ធូរអារម្មណ៍។
៣. ឈាមប្រភេទ AB
អ្នកដែលមានឈាមប្រភេទ AB មានចរិតលក្ខណៈក្រុមទាំងពីររួមបញ្ជូលគ្នា។ ពួកគេមិនមានជាតិអាស៊ីតក្រពះគ្រប់គ្រាន់ក្នុងការរំលាយសាច់ប្រភេទខ្លះបានទេ ដូចជាប្រភេទឈាមប្រភេទ A អ៊ីចឹង។
ដូច្នេះអ្នកដែលមានឈាមប្រភេទ AB គួរតែបំពេញបន្ថែមប្រូតេអ៊ីនពីត្រី និងសណ្តែកសៀងរួមជាមួយអាហារផ្សេងទៀតដូចជា បន្លែ ផ្លែឈើ គ្រាប់ទឹកដោះគោជូរ…ក្នុងកម្រិតមួយដែលមានតុល្យភាព។ ស្រូវសាលី សាច់មាន់ ពោត ល្ង និងម្សៅ គឺមិនល្អសម្រាប់របបអាហាររបស់អ្នកទេ។
អ្នកដែលមានឈាមប្រភេទ AB មានអារម្មណ៍អវិជ្ជមានដូចជាកំហឹង និងអរិភាពដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់ពួកគេនៅពេលរំញោចហួសកម្រិត។ លំហាត់ប្រាណល្អបំផុតសម្រាប់ឈាមប្រភេទ AB គឺយូហ្គាសម្រាប់ការសម្រាកលំហែ និងកាយសម្ព័ន្ធដើម្បីបន្ធូរភាពតានតឹង។
៤. ប្រភេទឈាម O
អ្នកដែលមានឈាមប្រភេទ O អាចរំលាយសាច់បានល្អជាងប្រភេទឈាមដទៃទៀត។ ការខ្វះជាតិប្រូតេអ៊ីនងាយធ្វើឱ្យពួកគេនឿយហត់ ព្រោះប្រភេទឈាមនេះមកពីកុលសម្ព័ន្ធហិនទ័រ - ហ្គេសស្ទឺរ។
សាច់គោ ខ្លាញ់ សាច់ចៀម និងត្រីមានខ្លាញ់អូមេហ្គា ៣ ជាប្រភពប្រូតេអ៊ីនល្អបំផុតសម្រាប់អ្នកដែលមានឈាមប្រភេទ O។ លើសពីនេះក្រុមនេះក៏គួរទទួលទានបន្លែ និងផ្លែឈើស្រស់ផងដែរ។ ប៉ុន្តែវាចាំបាច់ក្នុងការកំណត់កម្រិតធញ្ញជាតិ និងផលិតផលទឹកដោះគោពីព្រោះវាពិបាករំលាយងាយស្រួលធ្វើឱ្យមនុស្សមានខ្លាញ់ឈាមប្រភេទ O ។
ការធ្វើលំហាត់ប្រាណដែលធ្វើឱ្យប្រសើរឡើងនូវចង្វាក់បេះដូង និងមុខងារសាច់ដុំដូចជាការរត់ និងប្រដាល់ គឺល្អសម្រាប់អ្នកដែលមានឈាមប្រភេទ O៕
ប្រភព ៖ iOne/Knongsrok