ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺចម្លែកនោះទេ ប៉ុន្តែមនុស្សជាច្រើនហាក់មិនយកចិត្តទុកដាក់ចំពោះសញ្ញាព្រមានដំបូងនៃជំងឺនេះឡើយ។
១. ម្រាមជើងប្រែជាពណ៌ស
ជាធម្មតា នៅពេលដែលម្រាមជើងរបស់អ្នកប្រែជាពណ៌ស អ្នកអាចគិតពីជំងឺពីរ គឺជំងឺថ្លើម និងជំងឺទឹកនោមផ្អែម។ យកល្អ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាតិស្ករក្នុងឈាម និងមុខងារថ្លើមរបស់អ្នក។ វានឹងជួយអ្នកក្នុងការកំណត់ថាតើអ្នកមានជំងឺអ្វី និងការព្យាបាលដោយរបៀបណា។
២. របួសនៅជើងត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ
នៅក្នុងឈាមរបស់មនុស្សមានប្លាកែតជាច្រើន ដែលដើរតួក្នុងការព្យាបាលមុខរបួស។ បើអ្នកមានរបួសជើង ហើយមិនបានជាសះស្បើយច្រើនថ្ងៃទេ នោះអ្នកត្រូវតែប្រុងប្រយ័ត្ន។ ការកើនឡើងនៃជាតិស្ករក្នុងឈាមនឹងកាត់បន្ថយចំនួនប្លាកែតក្នុងឈាម ដែលនាំឱ្យរបួសជើងមានរយៈពេលយូរ។ ដូចគ្នាចំពោះរបួសនៅផ្នែកផ្សេងទៀតនៃរាងកាយ។
៣. អារម្មណ៍ខុសធម្មតានៅចុងម្រាមជើង
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំង ឬរមាស់នៅម្រាមជើងរបស់អ្នកនៅពេលដើរ វាអាចជាសញ្ញានៃការកើនឡើងជាតិស្ករក្នុងឈាម។ ការកើនឡើងជាតិស្ករក្នុងឈាមនឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ធ្វើឱ្យខូចសរសៃប្រសាទ ធ្វើឱ្យខូចសរសៃប្រសាទដល់កម្រិតផ្សេងៗគ្នា។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍មិនស្រួល និងមិនស្រណុកនៅក្នុងម្រាមជើងរបស់អ្នកអំឡុងពេលដើរ។
៤. ស្ពឹក ឬរលាកម្រាមជើង
នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមកើនឡើង វាអាចបណ្តាលឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន។ ស្ពឹកនៅចុងម្រាមជើងអមដោយអារម្មណ៍ក្ដៅ គឺជាសញ្ញាព្រមានមួយនៃជាតិស្ករក្នុងឈាមខ្ពស់ ។ ប្រសិនបើកម្រិតជាតិស្ករក្នុងរាងកាយមិនត្រូវបានគ្រប់គ្រងក្នុងរយៈពេលយូរ នោះសរសៃប្រសាទនៃចុងខាងក្រោមនឹងត្រូវខូចខាត។
ប្រសិនបើអ្នកមានអារម្មណ៍ស្ពឹក និងក្រហាយនៅម្រាមជើងរបស់អ្នកមួយរយៈ ហើយមិនមានសញ្ញានៃការធូរស្រាលទេ យកល្អគួរតែពិនិត្យមើល។ លើសពីនេះ នៅមានសញ្ញាព្រមានមួយចំនួនទៀតនៃជំងឺទឹកនោមផ្អែម ដែលអ្នកត្រូវតែយកចិត្តទុកដាក់ផងដែរ។
៥. នោមញឹកញាប់
សម្រាប់មនុស្សជាមធ្យម តម្រូវការបត់ជើងតូចជាធម្មតាប្រែប្រួលប្រហែល ៤-៧ ដងក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម តម្រូវការក្នុងការបត់ជើងតូចអាចមានកម្រិតខ្ពស់ខុសពីធម្មតា។
ជាធម្មតា រាងកាយស្រូបយកជាតិគ្លុយកូសឡើងវិញ នៅពេលដែលវាឆ្លងកាត់តម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកជំងឺទឹកនោមផ្អែម ជាតិស្ករក្នុងឈាមខ្ពស់ តម្រងនោមមិនអាចដំណើរការបានត្រឹមត្រូវនោះទេ។ នេះបណ្តាលឱ្យរាងកាយរបស់អ្នកផលិតទឹកនោមច្រើន ដើម្បីកម្ចាត់ជាតិស្ករដែលលើស និងនាំឱ្យនោមញឹកញាប់។
៦. ស្រេកទឹក
ការស្រេកទឹកខ្លាំងពេក គឺជារោគសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជាតិស្ករក្នុងឈាមខ្ពស់ ហើយកាន់តែធ្ងន់ធ្ងរឡើងដោយការនោមញឹកញាប់។
៧. អស់កម្លាំង
អស់កម្លាំងជាសញ្ញាមួយនៃជំងឺទឹកនោមផ្អែម ដែលគេស្គាល់ច្រើនជាងគេ។ ហេតុផលសម្រាប់បាតុភូតនេះ គឺដោយសារតែជាតិស្ករក្នុងឈាមមិនមានស្ថិរភាព ដូច្នេះវាមិនផ្តល់ជាតិស្ករគ្រប់គ្រាន់សម្រាប់រាងកាយដើម្បីបង្កើតថាមពល។
លើសពីនេះ ការបត់ជើងតូចញឹកញាប់ ខ្សោះជាតិទឹក របបអាហារមិនល្អ គេងមិនគ្រប់គ្រាន់… ក៏បណ្តាលឱ្យអស់កម្លាំងផងដែរ។
៨. ស្បែករមាស់
ស្បែករមាស់ក៏ជារោគសញ្ញាទូទៅមួយនៃជំងឺទឹកនោមផ្អែមផងដែរ។ ការរមាស់ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជាផ្សិត ស្បែកស្ងួត និងឈាមរត់មិនល្អ ច្រើនតែកើតមាននៅជើងខាងក្រោម៕
ប្រភព ៖ Phunutoday / Knongsrok