
បើអ្នកមិនងូតទឹករយៈពេល ១ សប្ដាហ៍ ១ ខែ ឬរហូតដល់ ៦០ ឆ្នាំ តើនឹងមានរឿងអ្វីកើតឡើងខ្លះ?
ជឿថាវាជាសំណួរចាក់ដោត ដែលមានមនុស្សជាច្រើនចង់ដឹង តែមិនអាចសាកល្បងដោយខ្លួនឯងបាន នោះគឺថា ប្រសិនណាអ្នកពុំបានងូតទឹករយៈពេល ១ សប្តាហ៍ ១ ខែ ឬរហូតដល់រាប់សិបឆ្នាំ តើនឹងមានរឿងអ្វីកើតឡើងខ្លះមកលើរូបរាងកាយរបស់អ្នក? តាមការបកស្រាយពីគេហទំព័រក្រៅស្រុកមួយ បានរៀបរាប់ដូចខាងក្រោម៖ ប្រសិនអ្នកមិនងូតទឹក ១ សប្តាហ៍ ទោះអ្នកធ្វើសកម្មភាពមានញើសតិចច្រើនក្តី ប៉ុន្តែបាក់តេរី និងប៉ារ៉ាស៊ីតវាបានកើតឡើងនៅលើស្បែកដែលវាជាបញ្ហាចម្បងនាំឲ្យខ្លួនប្រាណរបស់អ្នកមានក្លិនមិនល្អ ហើយវានឹងកាន់តែធំក្លិនខ្លាំងឡើង តាមរយៈពេលកាន់តែយូរដែលអ្នកបានបង្អត់ខ្លួនឯងពីការងូតទឹក។ ជាងនេះវានឹងធ្វើឲ្យស្បែកឡើងរមាស់ ព្រោះដោយសារតែធូលី និងបាក់តេរីដែលហោះមកទំជាប់នៅលើស្បែក។ ក្នុងចន្លោះពេលមួយសប្តាហ៍នោះ វាក៏នឹងឡើងក្លាយជាដំបៅលើស្បែក កើតឡើងមុខលើស្បែកលើខ្នង ដុះផ្សិតនៅពេលដែលរាងកាយមិនទទួលបានការសម្អាតសោះ ហើយផ្សិតគឺលេចឡើងគ្រប់ផ្នែកនៃរាងកាយ មិនថាតែតំបន់ប្រដាប់បន្តពូជ។ ជាមួយបញ្ហាទាំងនេះក៏ប្រឈមនឹងឲ្យអ្នកកើតជំងឺផ្សេងៗដូចជារលាកស្រោមខួរ ឬរលាកថ្លើមប្រភេទ…

















